ខេត្តកំពត: គ្រួសារកសិករមួយរស់នៅក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតដែលទើបតែប្រសូតបាន កូនមួយ សម្រាប់ចំណងដៃ បែរជាមានភាពខ្មាស់អៀនអ្នកផងទាំងពួង ក៏ព្យាយាមបង្កប់អាថ៌កំបាំងជាមួយនឹងលក្ខណៈមិនប្រក្រតី ជុំវិញការវិវត្តន៍លើដងខ្លួនក្មេងតូចមួយ នោះដោយកម្រដោះអាវឱ្យគេឯងឃើញប្រាណទទេរបស់កូនប្រុសដែលដុះរោមដូចសត្វ និងរីករាលដាល ពីមួយថ្ងៃទៅមួយថ្ងៃ។
ការដុះរោមបែបនេះអាចចាត់ទុកថាជារឿងមិនសូវចម្លែកប៉ុន្មានទេព្រោះធ្លាប់កើត មានសម្រាប់ក្មេង និងមនុស្សមួយចំនួនទៀត តែអ្វីដែល អ្នកផងទាំងឡាយ ពិសេសគ្រូពេទ្យមូលដ្ឋាន ព្រួយបារម្ភនៅត្រង់ផ្នែកនៃការដុះរោមនោះមានដុំសាច់រឹង ហើយលូតលាស់តាមវ័យរបស់ក្មេង មិនដឹង ជាមានប្រភេទជំងឺ ឬផ្ទុកនូវមេរោគអ្វីដោយសារតែមិនបានយកទៅឱ្យគ្រូពេទ្យជំនាញពិនិត្យតាមដាន។
ស្ត្រីឈ្មោះ ប៉ុន សុបុន អាយុ ២៧ឆ្នាំ ដែលមានប្តីឈ្មោះ ជួប សុធា អាយុ ៣២ឆ្នាំ បានរៀបរាប់ថា តាំងពីបានគ្នាជាប្តីប្រពន្ធមក គាត់ប្រសូត្រ បានកូនប្រុសមួយដែលមកដល់ពេលនេះវាមានអាយុ១១ខែ ហើយដោយដាក់ឈ្មោះ សាយ ពិសិដ្ឋ។ ក្រោយពេលឆ្លងទន្លេ នៅលើដងខ្លួនផ្នែក ខាងក្រោយ មានស្នាម ដៅខ្មៅមួយកន្លែង។ ទោះបីសុខភាពរបស់វាមានលក្ខណៈធម្មតា តែពេលអាយុ១ខែនៅត្រង់កន្លែងដៅ នោះក៏ចាប់ផ្តើម ដុះរោម និងហាក់មានភាពរមាស់ព្រោះពេលឪពុកម្តាយសាកអេះ វានៅសម្ងំស្ងៀម។ មិនយូរប៉ុន្មានកន្លែងដុះរោមនោះ បានចាប់ផ្តើម មានសាច់ពក ជាដុំ និងរីកលូតលាស់ធំទៅៗ ដែលមកដល់សព្វថ្ងៃការរមាស់លើសាច់នោះកាន់តែខ្លាំងឡើងៗរហូតគេចេះអេះ ដោយខ្លួនឯង ពេលឪពុកម្តាយមិននៅក្បែរ។
ស្ត្រីដដែលបញ្ជាក់ថា ចំពោះការដុះ និងរីកធំឡើងៗនៃដុំសាច់រឹងនោះ គ្រូពេទ្យមណ្ឌលសុខ ភាពឃុំ បានណែនាំឱ្យយកទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរកមើល ប្រភេទជំងឺ ឬ មេរោគផ្សេងៗដែរតែខ្លួនមិនមានលុយសោះទើបចេះតែនៅស្ងៀមទោះបីព្រួយបារម្ភ ពីអនាគត របស់វានឹងទៅជាយ៉ាណាក្តី។ ចំណែកស្នាមដៅតូចៗ ឥឡូវនេះបានកើតមានស្ទើរពេញខ្លួន ហើយគ្រប់កន្លែងខ្មៅនោះពេលរីកធំបន្តិច ចាប់ផ្តើមដុះរោមដូចកន្លែងដំបូងដែរ។ ដោយសារកូនចេះតែដុំរោមបន្ថែមបែបនេះ ខ្លួនខ្មាស់គេណាស់ ព្រោះកើតបានកូនមួយបែរជាខុសគេ មានលក្ខណៈដុចសត្វទៅវិញ។ ម្ល៉ោះហើយពេលពចេញពីផ្ទះមិន ហ៊ានដោះអាវឱ្យគេឃើញទេ។
លោក មាស អាន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី បានបញ្ជាក់ថា កូនចម្លែកនោះមានអាយុ ១១ខែទៅហើយលោកទើបប្រទះឃើញ និងដឹងថាគេដុះរោមដូចសត្វស្វា។ ទោះមិនអាចចាត់ទុកថាជា រឿងចម្លែកប៉ុន្មានក្តី ពីព្រោះមានក្មេងខ្លះធ្លាប់ដុះរោមដែរ តែអ្វីដែលព្រួយបារម្ភ និងអាណិតអាសូរ គឺនៅ ត្រង់កន្លែងដុះរោមដ៏ក្រាសឃ្មឹកនោះមានបន្ថែមនូវការលេចចេញដុំពកសាច់រឹង ហើយរីកធំឡើងៗតាម វ័យរបស់ក្មេងដែលមិនដឹងថាគេមានជំងឺ ឬមានរោគអ្វី។ ដូច្នេះគួរតែសប្បុរសជនទាំងឡាយមេត្តជួយ ក្នុងន័យមនុស្សធម៌ ដើម្បីបាននាំយក ក្មេងនេះ ទៅឱ្យគ្រូពេទ្យជំនាញពិសេសពេទ្យនៅគន្ធបុប្ផាបានតាមដានពិនិត្យមើលដោយផ្ទាល់ បំណងបញ្ចៀសនូវសំណាងអាក្រក់ សម្រាប់អនាគតរបស់វា ព្រោះបើមើល លើស្ថានភាពក្រខ្សត់របស់គ្រួសារនោះពិតជាមិនមានលទ្ធភាពក្នុងការនាំកូនទៅរកពេទ្យទេ៕
0 comments:
Post a Comment